AI ជាជំនួយការ, មនុស្សជាអ្នកសម្រេចចិត្ត
ENGLISH: https://www.kimkorngmao.com/notes/human-in-the-loop
កាលពីមុន យើងធ្លាប់យល់ថា ការងាររបស់អ្នកសរសេរកូដគឺមានតែប៉ុណ្ណឹងឯង៖ អង្គុយសរសេរកូដឱ្យត្រូវតាម syntax, ចុច Compile, រួចបញ្ជូនឱ្យគេប្រើជាការស្រេច។ ប៉ុន្តែស្រាប់តែវត្តមានរបស់ AI Agent បានផ្លាស់ប្តូរអ្វីៗទាំងអស់។ ស្ទើរតែពាក់កណ្តាលនៃការងារសរសេរកូដរបស់ពួកយើង ត្រូវបានជំនួសដោយការ Generate របស់វា។ ពេលដំបូងមានអារម្មណ៍ដូចជាយើងកំពុង Cheat កម្លាំងគេក្នុងការសរសេរកូដ។ តែយូរៗទៅក៏ក្លាយជាទម្លាប់ ហើយឥឡូវនេះ វាបានក្លាយជាឧបករណ៍ដែលយើងខ្វះមិនបានក្នុងការងារប្រចាំថ្ងៃ។
ការផ្លាស់ប្តូរនេះអាចនិយាយឱ្យខ្លីបានថា៖ ពីមុន យើងប្រាប់កុំព្យូទ័រឱ្យធ្វើអ្វីមួយ ម្តងមួយជំហានៗ។ តែពេលនេះ យើងគ្រាន់តែប្រាប់វាពីគោលដៅចុងក្រោយដែលយើងចង់បាន។ ឯរឿង «ធ្វើបែបណា» នោះ AI ជាអ្នករ៉ាប់រង ដែលវាបានរៀនសូត្រពីកូដរាប់លានបន្ទាត់ ច្រើនជាងយើងអានកូដទាំងនោះពេញមួយជីវិតទៅទៀត។ ទោះជាយ៉ាងណា តួនាទីរបស់យើងគឺមិនមែនទុកឱ្យវាធ្វើតែឯងទេ។ យើងមានតួនាទីត្រួតពិនិត្យ, កែ, និងសម្រេចចិត្តថាលទ្ធផលនោះអាចទទួលយកបានហើយឬនៅ។ យើងមិនមែនជាអ្នកសរសេរកូដសុទ្ធសាធទៀតទេ តែយើងប្រៀបដូចជា "តម្រង" ដែលត្រងយកតែអ្វីដែលល្អ និងត្រឹមត្រូវបំផុត។
ការផ្លាស់ប្តូរនេះ ក៏បានផ្លាស់ប្តូរតម្លៃនៃជំនាញផងដែរ។ ការចាំ Syntax សរសេរកូដ លែងសូវសំខាន់ដូចមុនទៀតហើយ។ ផ្ទុយទៅវិញ ជំនាញក្នុងការមើលធ្លុះនូវកំហុសឆ្គង(bugs)តូចៗដែលលាក់ខ្លួន បែរជាមានតម្លៃមហាសាល។ AI ពិតជាអាចសរសេរ for loop មួយបានក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែវាមិនដឹងទេថា តើរង្វិលជុំនោះពិតជាអាចដោះស្រាយ "បញ្ហា" របស់ម្ចាស់អាជីវកម្មបានឬអត់។ មានតែយើងជាមនុស្សទេ ដែលអាចសម្រេចចិត្តរឿងនេះបាន។
ប៉ុន្តែវាក៏មានគ្រោះថ្នាក់មួយផងដែរ ដែលយើងត្រូវប្រយ័ត្ន។ បើយើងបន្ធូរការយកចិត្តទុកដាក់ ឬជឿជាក់លើវាខ្លាំងពេក កូដដែលវាសរសេរចេញមកមើលទៅល្អឥតខ្ចោះ ប៉ុន្តែវានឹងបង្កើតលទ្ធផលដែលឃ្លាតចាកពីគោលដៅពិតរបស់យើងបន្តិចម្តងៗ ដោយយើងមិនដឹងខ្លួន។ System មានប្រសិទ្ធភាព លុះត្រាតែមនុស្សនៅតែដើរតួជាមនុស្ស គឺចេះសួរថា «ហេតុអ្វីបានយើងត្រូវធ្វើបែបនេះ?» មុននឹងសួរថា «តើយើងត្រូវធ្វើវាដោយរបៀបណា?» និងចេះបដិសេធចម្លើយរបស់AI ដែលមើលទៅទំនង តែមិនត្រឹមត្រូវ។
ឥឡូវនេះ យើងគួរចាត់ទុក AI ដូចជាសហការីថ្មីម្នាក់ដែលពូកែធ្វើការលឿន ប៉ុន្តែខ្វះបទពិសោធន៍ និងមិនសូវយល់ពីសាច់រឿង។ យើងត្រូវពិនិត្យមើលការងាររបស់វាគ្រប់បន្ទាត់ សួរសំណួរដេញដោល ហើយជួនកាលត្រូវបោះចោលទាំងអស់ ហើយចាប់ផ្តើមពីចំណុចសូន្យ។ ពិតណាស់ វិធីនេះអាចនឹងយឺតជាងការប្រគល់ការងារឱ្យវាធ្វើទាំងអស់ ប៉ុន្តែលទ្ធផលដែលទទួលបានគឺមានគុណភាព និងត្រឹមត្រូវជាងឆ្ងាយណាស់។ អ្វីដែលពិសេស គឺយើងនៅតែបានរៀនសូត្រអ្វីថ្មីៗជានិច្ច។
នេះមិនមែនមានន័យថាអាជីពជាអ្នកសរសេរកម្មវិធីដល់ទីបញ្ចប់នោះទេ។ ផ្ទុយទៅវិញ វាជាការវិវត្តទៅរកស្រទាប់ថ្មីមួយទៀត។ យើងនៅតែត្រូវការជំនាញគ្រឹះ សំខាន់ៗដូចជា ការរៀបចំ architecture, ការធ្វើតេស្ត (testing), ការគិតគូរពីសុវត្ថិភាព (security), និងការចេះវិនិច្ឆ័យ (taste)។ គ្រាន់តែថាយើងអាចកាត់បន្ថយពេលវេលាលើការងារសរសេរកូដដដែលៗដែលគួរឱ្យធុញទ្រាន់ ហើយងាកមកផ្ដោតលើការសម្រេចចិត្តដែលមានតម្លៃជាង។ រង្វិលជុំនេះហើយដែលធ្វើឱ្យយើងមិនអាចធ្វេសប្រហែសបាន។ ដរាបណាយើងនៅតែកាន់ចង្កូតបញ្ជា, ឧបករណ៍ទាំងនេះនឹងនៅតែជាអ្នកបម្រើដ៏ល្អរបស់យើង មិនមែនជាចៅហ្វាយនាយរបស់យើងឡើយ។